Thursday, June 16, 2011

និរភ័យការងារ និងការសង្គ្រោះបន្ទាន់

.១ សេចក្តីផ្តើម

យើងដឹងហើយថាអគ្គិសនី គឺជាប្រភពមួយដើរតួយ៉ាងសំខាន់នៅក្នុងការរស់នៅរបស់មនុស្ស។ តាម​រយៈ​​​អគ្គិស​នីធ្វើ ឱ្យមនុស្សទទួលបាននូវភាពសុខស្រួលជាច្រើន គឺមនុស្សប្រើ​អគ្គិសនីក្នុង​ចំនែក​មួយ​ជា​ប្រចាំ។ ហើយមនុស្សជាច្រើនប្រើ ប្រាស់នូវអគ្គិសនីដោយមិនបានគិតពីផលប៉ះពាល់របស់វា ដែលជា​ហេតុ​អាចបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ គ្រោះថ្នាក់ដល់អាយុជីវិតបាន។ ដូច្នេះយើង​ជា​អ្នក​បច្ចេកទេសអគ្គិសនីត្រូវតែយកចិត្តទុកដាក់ និងតាំងស្មារតីទទួលខុស ត្រូវឱ្យបានខ្ជាប់ខ្ជួន​ទៅលើ​គោល​កាណ៍​មួយចំនួនដែលទាក់ទងទៅនឹងនិរភ័យការងារ ដើម្បីធានាបាននូវសុវត្ថិភាពខ្លួនឯង និង​អ្នក​ប្រើ ប្រាស់។

.២ និរភ័យការងារ

និរភ័យការងារគឺជាក្បួនច្បាប់សំរាប់ពន្យល់បង្ហាញដល់អ្នកដែលបំពេញការងារ ដើម្បីឱ្យជៀស​ផុត​ពីគ្រោះថ្នាក់នានា ពេលអនុវត្តការងារនៅគ្រប់ទីកន្លែង។ ប្រសិនបើបុគ្គលម្នាក់ៗ​ធ្វើការដោយ​ធ្វេស​ប្រហែស ឬមិនបានយល់ច្បាស់អំពី សុវត្ថិភាពនៃការងារ នោះគ្រោះថ្នាក់អាច​កើតឡើងជាយ​ថាហេតុ​គ្រប់​ពេលវេលាដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ ជិវិតបាន។ នៅក្នុងផ្នែកនេះ​យើងលើក​យកតែ​និរភ័យ​សំខាន់ៗមួយចំនួនដែលទាក់ទងនឹងការជួសជុលមូទ័រ មានដូចតទៅៈ

​​​​ ..១ និរភ័យក្នុងរោងចក្រ

គឺសិក្សាអំពីនិរភ័យទូទៅ ទាក់ទងទៅនឹងបទបញ្ញាត្តក្នុងរោ​ងចក្រសហគ្រាស​ដើម្បីធានា​សុវត្ថិភាព​ចំពោះបុគ្គលិកក្នុង រោងចក្រ។ បុគ្គលិកកម្មករត្រវសិក្សា និងឆ្លងកាត់ផ្នែកនិរភ័យ​ការងារដោយ​មាន​លិខិត​បញ្ជាក់ត្រឹមត្រូវានៅក្នុងផ្នែកនីមួយៗ សិន។

..២ និរភ័យក្នុងការដ្ឋាន

និរភ័យកំរិតនេះត្រូវមានការណែនាំផ្ទាល់ និងទទួលខុសត្រូវផ្ទាល់ដោយប្រធានការដ្ឋាន។ នៅក្នុង​ករណី​ដែលមាន គ្រោះថ្នាក់ប្រធានកា​រដ្ឋានជា​អ្នក​ចេញថ្លៃព្យាបាលទាំងស្រុង និងផ្គត់ផ្គង់រាល់​សម្ភារ​និរភ័យ​ដែលចាំបាច់។

..៣ និរភ័យក្នុងរោងជាង

និរភ័យកំរិតទី ៣ នេះគឺប្រធានផ្នែករោងជាងជាអ្នកណែនាំជាប្រចាំរៀងរាល់ដើមសប្តាហ៍។ នៅ​ពេល​ដែលមាន បច្ចេកវិទ្យាថ្មីៗគេត្រូវធ្វើការហ្វឹកហាត់ និងបណ្តុះបណ្តាលបុគ្គលិកជាបន្ទាន់។ នៅក្នុង​ផ្នែក​នេះប្រធានរោងជាងបានបែង ចែកយ៉ាងជាក់លាក់តាមក្រុមនីមួយៗជាអ្នកទទួលខុសត្រវ។

..៤ និរភ័យតាមកន្លែងធ្វើការ

ដើម្បីធានាសុវត្ថិភាពក្នុងការអនុវត្តន៍ការងារ បុគ្គលិកត្រូវទទួលការណែនាំ ឬរំលឹកនិរ​ភ័យ​ជា​ប្រចាំ​តាមរយៈប្រធាន ក្រុម ឬប្រធានផ្នែកនីមួយៗ។ ក្នុងករណីនេះប្រធានក្រុម ឬប្រធានផ្នែក​មាន​តួ​នាទីជាអ្នកត្រួតពិនិត្យជាប្រចាំរាល់ការ អនុវត្តន៍ និងប្រើប្រាស់សម្ភារនិរភ័យ និងបទបញ្ញត្ត​និរភ័យ​ការងារ។

.៣ ច្បាប់និរភ័យទូទៅសំរាប់អ្នកធ្វើការក្នុងរោងជាង

និរភ័យរបស់អ្នកគឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក។ គ្រឿងម៉ាស៊ីន​ជាអ្នកបង្ករគ្រោះ​ថ្នាក់​ដល់​​យើង​​​ប៉ុន្តែយើង ជាអ្នកប្រើប្រាស់ត្រូវត្រួតពិនិត្យវាដើម្បីការពារជាមុនក្នុងការទប់ទល់នឹងគ្រោះថ្នាក់ទាំងនោះ។

វិធីការពារ និងទប់ទល់ដើម្បីជៀសវាងពីគ្រោះថ្នាក់ទាំងនោះមានដូចតទៅៈ

..១ សំរាប់ការងារទូទៅ

- ប្រើសំលៀកបំពាក់ធ្វើការក្នុងរោងជាង ឬ

សំលៀកបំពាក់ណាដែលត្រូវនឹងខ្លួនល្មម មិនធូរពេក

មិនរលុងពេក អាចឱ្យយើងធ្វើចលនាបានយ៉ាងស្រួល។

- ចុងដៃអាវដែលរលុងអាចនាំឱ្យមានគ្រោះថ្នាក់បាន ជាពិសេសពេលដែលអ្នកធ្វើការក្នុងរោងជាងជាមួយនឹងម៉ាស៊ីន កំពុងដំណើរការ។ ដូច្នេះត្រូវពាក់អាវដៃខ្លី បើអាវដៃវែងត្រូវមូរដៃអាវឱ្យលើកែងដៃពេលធ្វើការក្នុងរោងជាង។

- មិនត្រូវមូរជើងខោទេ វាអាចទាក់ជាមួយនឹង

គ្រឿងទាំងឡាយណាដែលលយចេញ។

- បិទឡេវអាវ ឬរូតបិទខ្សែរូតអាវដែលអ្នកពាក់នៅ

ក្នុងរោងជាង។ អាវមិនបិទឡេវមិនមែនគ្រាន់តែអាក្រក់មើល

ប៉ុណ្ណោះទេ បុន្តែអាចបង្កឱ្យមានគ្រោះថ្នាក់ផងដែរ។

- ត្រូវប្រើប្រាស់សំលៀកបំពាក់ធ្វើការស្អាតជានិច្ច

- នៅក្នុងរោងជាងអ្នកត្រូវពាក់ស្បែកជើងដែល

មានបាតក្រាស់ៗ ដើម្បីការពារជើងរបស់អ្នកកុំឱ្យមាន

គ្រោះថ្នាក់។

- កាលណាអ្នកធ្វើការជាមួយសម្ភារគគ្រាត ឬសម្ភារ

ដែលមានគែមបណ្តាលឱ្យមុតត្រូវពាក់ស្រោមដៃដើម្បីការ

ពារដៃរបស់អ្នកទល់នឹងចំរាសឬមុតដោយសារគែមនោះ។

- ពាក់ក្បាំងមុខ ឬក្បាំងច្រមុះកាលណាអ្នក

ធ្វើការក្នុងកន្លែងដែលមានធូលីហុយចេញពីជញ្ជាំង

ឥដ្ឋដែលយើងបានកាត់ ឬចេញពីសារធាតុគីមីមួយ

ចំនួនដូចជា វែរនីខ្សែភ្លើង ជ័រកាវក្រដាស ថ្នាំលាប

និងផ្សែងដែលភាយចេញពីធូបផ្សារ។

-កាលណាអ្នកធ្វើការនៅក្នុងលក្ខ័ណដែល

មានសំលេងខ្លាំងត្រវពាក់ប្រដាប់ការពារត្រចៀក។

-ប្រើឧបករណ៏ដើរដោយចរន្តអគ្គិសនី អ្នកត្រវជូតដៃអ្នកឱ្យស្ងូត។

-នៅពេលធ្វើការទីខ្ពស់ចាប់ពី ២ម៉ែត្រឡើងទៅត្រូវតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព

-មិនត្រូវបរិភោគនៅកន្លែងធ្វើការទេ ព្រោះសារធាតុគីមី

អាចចូលក្នុងអាហាររបស់អ្នកដែលនាំឱ្យមានគ្រោះថ្នាក់។

-នៅក្នុងរោងជាងមិនត្រវខាកស្តោះស្រេចតែចិត្តឡើយ។

ត្រូវស្តោះទឹកមាត់ដាក់ក្នុងប្រអប់សំរាប់ដាក់ទឹកមាត់

តែបើសិនជាគ្មានទេត្រូវបត់ក្រដាស់ជារាងសាជីហើយស្តោះដាក់

ក្នុងនោះ បន្ទាប់មកចោលវាក្នុងធុងសំរាមឬឺប្រសើរជាងនេះទៀត

ត្រូវបំបាត់ចោលនូវទំលាប់អាក្រក់នេះចេញ ដោយដេរាទៅបង្គន់

សិនទើបយើងស្តោះវាចេញ ព្រោះទឹកមាត់អាចបណ្តាលឱ្យឆ្លងជំងឺ

ផ្សេងៗដែលយើងមានទៅដល់អ្នកដទៃ។

-រៀចចំរោងជាងឱ្យទៅជាកន្លែងមួយគួរឱ្យ

ចូលចិត្ត និងជា កន្លែងធ្វើការប្រកបដោយនិរភ័យ។

ឧបករណ៍បរិក្ខារនៅក្នុងរោងជាងជាមិត្តរបស់អ្នក

ដូច្នេះត្រូវថែររក្សាវាឱ្យបានល្អ និងអនុវត្តតាម​ច្បាប់

និរភ័យចំពោះវត្ថុទាំងនោះ។

-ពេលដែលយើងឈឺ ឬនឿយហត់ខ្លាំងត្រូវឈប់សំរាក។

-មិនត្រូវប្រលែងគ្នាដាច់ខាតជាមួយ ឧបករណ៍ដែលប្រើប្រាស់ក្នុងរោងជាង។

-មិនត្រូវលើកសម្ភារធ្ងន់ៗហួសប្រមាណពេកទេ ចាំបាច់ត្រូវរកកម្លាំងមកជួយ។

-មុននឹងចាប់ផ្តើមដំណើរការត្រូវត្រួតពិនិត្យម៉ាស៊ីនជាមុន ថាតើការតំឡើងបានត្រឹមត្រូវហើយឬនៅ និងមើល ម៉ាស៊ីនថាតើវាអាចមានឧបសគ្គនៅ​ពេលបញ្ជា​ដោយ​ដៃដែរឬទេ។

-មុននឹងចាប់ផ្តើមធ្វើការងារ ត្រូវត្រួតពិនិត្យម៉ាស៊ីនជាប្រចាំ។

-ត្រវបិទកុងតាក់មុននឹងថែទាំ និងជូតសំអាតម៉ាស៊ីន។

-មិនត្រូវពាក់ខោអាវរលុង ក្រវាត់ក ជញ្ជៀន ឬខ្សែដៃដែលអាចជាប់នឹងម៉ាស៊ីនកំពុងដំណើរការ បរិធានបញ្ជូន ថាមពល ឬគ្រឿងចក្រកំពុងដើរទេ គឺត្រូវប្រាកដថាអ្នកជំនួយ​ការស្ថិតនៅ​ជិតម៉ាស៊ីន​មិន​ស្លៀក ឬពាក់វត្ថុដូចយើងដែរ។

-បញ្ឈប់គ្រឿងដែលមានចលនាទាំងអស់មុននឹងជូតសំអាតផ្នែកណាមួយនៃម៉ាស៊ីន។ បោស​សំអាត​ចំណាំង ឬកំទេច កំទីផ្សេងៗដោយប្រើច្រាស។ បើអ្នកប្រើឧបករណ៍ផ្លុំខ្យល់ត្រូវដាក់ឱ្យទាប ហើយមិនត្រូវផ្លុំកំទេចកំទីចេញពីខ្លួនយើង ឡើយ។

-នៅពេលសំលៀងវត្ថុអ្វីមួយត្រូវពាក់វែនតា ឬក្បាំងដើម្បីការពារភ្នែកកុំឱ្យកំទេចកំទីអ្វីចូលភ្នែកយើងបាន។

-ត្រូវដោះគ្រឿងអលង្ការដែលមានលើខ្លួនចេញ។

..២ សំរាប់ការជួសជុល ឬតបណ្តាញអគ្គិសនី

-ត្រូវបិទប្រភពអគ្គិសនីមុននឹងធ្វើការជួសជុល

-ឧបករណ៍ដែលត្រូវប្រើដូចជាញញួរត្រូវមានដងឈើ ឬជ័រ ដង្កាប់ ទួណឺវីស កាំបិត កន្ត្រៃត្រូវមានអ៊ីសូឡង់បិទជិត។

-ត្រូវប្រើឧបករណ៍តេស្តភ្លើង ( Test Pen Multi-Meter)

-នៅពេលធ្វើការជាមួយអគ្គិសនីត្រូវមានគ្នាយ៉ាងតិចចាប់ពី ២នាក់ឡើងទៅ

-ប្រើតុ ឬរន្ទាដែលមានអ៊ីសូឡង់ និងមានសភាពរឹងមាំ

-ពេលធ្វើការត្រូវយកខ្សែណឺតបុកចូលក្នុងដី

-ខ្សែអគ្គិសនីត្រូវតែត្រួតពិនិត្យឱ្យបានច្បាស់លាស់មុននឹងយកទៅប្រើប្រាស់។

.៤ ផ្លាកសញ្ញានិរភ័យការងារសំខាន់ៗ

-ផ្លាកសញ្ញាហាមជក់បារី :មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម

ហើយនៅក្នុងផ្ទៃរង្វង់មានរូបបារី កាត់ដោយឆ្នូតពណ៌ក្រហម។

-ផ្លាកសញ្ញាហាមដើរកាត់ : មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម

ហើយនៅ ក្នុងផ្ទៃរង្វង់មានរូបមនុស្សឈរ ជើងបោះជំហានដើរ កាត់

ដោយឆ្នូតពណ៌ក្រហម។

-ផ្លាកសញ្ញាហាមប៉ះ ឬស្ទាប : មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម

ហើយនៅក្នុងផ្ទៃរង្វង់នោះមានរូបបាតដៃ កាត់ដោយឆ្នូតពណ៌ក្រហម។

-ផ្លាកសញ្ញាហាមប្រើគ្រឿងឆេះ : មានផ្ទៃពណ៌ខ្មៅ ឬស រង្វង់ព័ទ្ធជុំវិញពណ៌

ក្រហម ហើយនៅក្នុងផ្ទៃរង្វង់មានរូបឈើគូស កាត់ដោយឆ្នូតពណ៌ក្រហម។

-ផ្លាកសញ្ញាគ្រោះថ្នាក់តង់ស្យុងខ្ពស់

.៥ គ្រោះថ្នាក់ផ្សេងៗ

សព្វថ្ងៃនេះយើងឃើញមានគ្រោះថ្នាក់បានកើតឡើងជាច្រើន ដែលភាគច្រើនគឺគ្រោះថ្នាក់ចរាចរ ហើយបន្ទាប់មក នោះគឺគ្រោះថ្នាក់ដែលកើតឡើងក្នុងពេលបំពេញការងារ ដែលការងារទាំង នោះទាក់ ទង ទៅនឹងបច្ចេកទេស។ គ្រោះថ្នាក់ កើតឡើងក្នុងពេលបំពេញការងា រដែលទាក់ទងនឹង បច្ចេកទេស មានដូចខាងក្រោមៈ

..១ គ្រោះថ្នាក់បណ្តាលមកពីចលនាម៉ាស៊ីន

គ្រប់ចលនាម៉ាស៊ីនទាំងអស់សុទ្ធតែមានគ្រោះថ្នាក់។ គ្រោះថ្នាក់ទាំងនោះបណ្តាលមកពីចលនា នៃផ្នែកផ្សេងៗរបស់ ម៉ាស៊ីនមានដូចតទៅៈ

- គ្រឿងម៉ាស៊ីនដែលវិល

- ផ្លែកាត់សំរាប់កាត់តំរឹម

- គ្រឿងដែលកំពុងមានចលនា

- គ្រឿងដែលធ្វើចលនាទៅមក

- កង់យោង និងខ្សែពានកំពុងមានចលនា

- កង់ស្ពឺគ្រឿងចក្រ

- ចលនាខ្វះការត្រួតពិនិត្យនៃគ្រឿងដែលរលុង រឺបាតបង់ខ្ចៅ

- អ្នកបញ្ជារម៉ាស៊ីន និងអ្នកដទៃទៀតដែលស្ថិតនៅពីមុខគ្រឿងដែលកំពុងមានចលនាអាចរងគ្រោះដោយសំលៀកបំពាក់ ឬសក់ដែលនឹងឆក់ទាញយករាង្គកាយចូលក្នុងម៉ាស៊ីន។

..២ គ្រោះថ្នាក់ដែលបណ្តាលមកពីការដឹកជញ្ជូន និងការលើកដាក់

ការដឹកជញ្ជូន និងការលើកដាក់របស់ធ្ងន់នាំមកនូវគ្រោះថ្នាក់នៅពេលដែលអ្នកមិនបានគិតគូរ ឱ្យបានដិតដល់មានដូចជា

-ការលើករបស់ធ្ងន់ៗលើសកម្លាំងមនុស្សនាំឱ្យបាក់គ្រេចផ្នែកណាមួយនៃសិរីរាង្គកាយ និងធ្លាក់របស់នោះមកត្រូវ សមាជិក រឺបុគ្គលដែលនៅជិតនោះ។

-ការលើករបស់ធ្ងន់លើសកម្លាំងម៉ាស៊ីនបណ្តាលឱ្យខូចផ្នែកផ្សេងៗនៃមេកានិចរបស់ម៉ាស៊ីន និងខ្សែកាបដាច់ធ្វើឱ្យ ធ្លាក់ឧបករណ៍ ឬធ្វើឱ្យខ្សែកាបដែលដាច់នោះវាត់ត្រូវមនុស្ស។

-ការចងមិនបានណែនល្អ និងរៀបចំមិនបានត្រឹមត្រូវ អាចនាំឱ្យគ្រោះថ្នាក់ដល់មនុស្ស ឬសត្វបាន។

..៣ គ្រោះថ្នាក់ដែលបណ្តាលមកពីចរន្តអគ្គិសនី

គ្រប់ទីកន្លែងដែលប្រើប្រាស់ចរន្តអគ្គិសនី គ្រោះថ្នាក់អាចកើតមានឡើង បាននៅពេលណាដែល អ្នកមានការធ្វេស ប្រហែស។

-អគ្គីភ័យអាចកើតមានឡើងនៅពេលតំណខ្សែគ្មានស្រោមប៉ះគ្នា ឬខ្សែដែលរហែកស្រោមប៉ះគ្នា (ខ្សែហ្វា និងខ្សែ ណឺត ឬខ្សែហ្វាមួយ និងខ្សែហ្វាផ្សេងទៀត )

-អគ្គីភ័យអាចកើតមានឡើងនៅពេ លប្រើមុខកាត់ខ្សែតូចខុសពីបទដ្ឋានបច្ចេកទេស ធ្វើឱ្យកំដៅរបស់ខ្សែភ្លើងកើន ឡើងនៅពេលមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីខ្ពស់។

-អគ្គីភ័យអាចកើតមានឡើងនៅពេលដែលដកឌុយចេញពីឆ្នាប់ចរន្ត ឬដោតឌុយចូលឆ្នាប់ចរន្ត ដោយមិនបានបិទ កុងតាក់របស់ឧបករណ៍ប្រើប្រាស់ ឬកុងតាក់ឆ្នាប់ចរន្តជាមុនដែលជាហេតុធ្វើឱ្យមានព្រាយផ្កាភ្លើងកើតឡើងនៅចន្លោះឆ្នាប់ ចរន្តនិងឌុយ ហើយនៅក្បែរៗនោះមានវត្ថុដែលងាយឆេះដូចជា ប្រេង សាំង និងហ្គាសជាដើម។ -អាចឆ្លងឆក់នៅពេលដែលអ្នកប៉ះពាល់តួម៉ាស៊ីនគ្មានប្រើខ្សែដី។

-ឆក់នៅពេលដែលអ្នកប្រើប្រាស់សម្ភារអគ្គិសនីគ្មានអ៊ីសូឡង់ស្រោបពីខាងក្រៅ។

-ឆ្លងឆក់នៅពេលដែលខ្លូនប្រាណរបស់អ្នកសើម ឬបែកញើសហើយប៉ះផ្ទាល់ទៅនឹងឧបករណ៍អគ្គិសនី។

-តមុខតំណខ្សែភ្លើង ឬជួសជុលគ្រឿងប្រើប្រាស់អគ្គិសនីដោយមិនបានផ្តាច់ចរន្តអគ្គិសនីចេញជាមុន។

-ប្រើប្រាស់អ៊ីសូឡង់ដែលគ្មានគុណភាពល្អតាមស្តង់ដាដែលបានកំណត់។

-ធ្វើការជាមួយតង់ស្យុងខ្ពស់ ប៉ុន្តែប្រើប្រាស់អ៊ីសូឡង់ដែលធន់នឹងតង់ស្យុងទាបជាងតង់ស្យុងកំពុងធ្វើ។

-តខ្សែកាបធំៗតាមបង្គោលដែលមានចម្ងាយវែង ខ្ពស់ៗដោយមិនបានភ្ជាប់ខ្សែកាបនោះទៅដីអាចបណ្តាលឱ្យឆក់ បានដោយសារខ្សែកាបនោះជាកុងដង់ធៀបជាមួយដី។

..៤ កត្តាមនុស្ស

-លទ្ធភាពនៃគ្រោះថ្នាក់អាចកើតឡើង កាលណាភាពនឿយហត់កើនឡើង ឬការធ្វើការងារបង្ខំឱ្យហើយក្នុងពេល ឆាប់ៗ នោះធ្វើឱ្យស្មារតីនៃភាពប្រុងប្រយ័ត្នរបស់យើងថយចុះ។

-អ្នកបច្ចេកទេស និងអ្នកជំនាញត្រូវមានជាចាំបាច់ដើម្បីតម្លើងបរិក្ខារឱ្យមានប្រសិទ្ធិភាព។ ដូច្នេះកម្មករគួរតែត្រូវ បានបណ្តុះបណ្តាលជាមុនដើម្បី ទទួលបាននូវ ចំនេះដឹងពេញលេញខាងផ្នែក និរភ័យ មុននឹងធ្វើការជាមួយបរិក្ខារ។

-អ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យលើកម្មករត្រូវយល់ដឹងកត្តាមនុស្សនៅក្នុង បញ្ហនិរភ័យឱ្យបាន ច្បាស់លាស់ ដោយ ចាប់អារម្មណ៍លើបម្រុងប្រយ័ត្នរបស់កម្មករ ចាប់អារម្មណ៍ថាគេមានជំងឺ ឬអត់មិន ត្រូវបញ្ចោញកំហឹង លើកម្មករ និងមិនត្រូវ បញ្ចោញឥរិយាបថ ឬពាក្យសំដីមិនសមរម្យលើពួកគេ ឡើយ។ ទាំងនេះអាចបណ្តាលឱ្យមានការអាក់អន់ចិត្ត លទ្ធផលដែល ទទួលបានគឺរបួស។ ដូចនេះវិស្វករ អ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យត្រូវគិតគូរដល់ការចាត់តាំងបុគ្គលិកធ្វើការឱ្យសមស្រប ទៅតាមដំណើរការការងារ។

.៦ បម្រុងប្រយ័ត្ន និងការរៀបចំមុនពេលធ្វើការងារ

យើងអាចធ្វើការប្រកបដោយសុវត្ថិភាពជាមួយនឹងអគ្គិសនី ដោយយើងគ្រាន់ តែគោរពទៅតាម ច្បាប់ដ៏សាមញ្ញៃន អគ្គិសនីដូចបានបង្ងាញនៅក្នុងចំណុចនិរភ័យខាងលើ ដើម្បីជៀសវាងគ្រោះ ឬរបួស ដល់ខ្លួន និងខូចខាតឧបករណ៍ ឬបរិធាន ប្រើប្រាស់។ ការរៀបចំមុនពេលធ្វើ ការងារក៏ជា កត្តាមួយគួរ ឱ្យយកចិត្តទុកដាក់ដែរ គឺត្រូវរៀបចំឧបករណ៍ប្រើប្រាស់ឱ្យបាន គ្រប់គ្រាន់ និងត្រួតពិនិត្យវាឱ្យបាន ម៉ត់ ចត់ដើម្បីជៀសវាងការប្រើប្រាស់ឧបករណ៍ដែលខួចដោយមិនដឹងខ្លួន ជាពិសេសទៅ ទៀតនោះអ្នក បច្ចេកទេស អគ្គិសនីត្រួវតែរៀបចំឧបករណ៍មួយចំនួន សំរាប់ពន្លត់អគ្គីភ័យនៅកន្លែងធ្វើការងារ មាន ដួចជាៈ

-ដបឧស្ម័នពន្លត់អគ្គីភ័យត្រួវមានឧស្ម័ន និងអាចប្រើប្រាស់បាន

-ប៉ែល សំរាប់ចួកខ្សាច់ជះពន្លត់អគ្គីភ័យ

-ធុងដាក់ខ្សាច់ សំរាប់ជះពន្លត់អគ្គីភ័យ

-ពំនូកខ្សាច់

-ធុងទឹក ត្រួវមានទឹកជានិច្ច

-ទុយោទឹកដែលអាចបត់បែនបាន ហើយភ្ជាប់ទៅនឹងប្រភពទឹករួចជាស្រេច

-បាវ ឬក្រណាត់ក្រាស់ៗសំរាប់ជ្រលក់ទឹកគ្របពីលើគ្រឿងដែលឆេះ

-ទំពក់ សំរាប់ទាក់ទាញគ្រឿងឆេះចេញ។

.៧ ការសង្គ្រោះបន្ទាន់

ការសង្គ្រោះបន្ទាន់គឺជាការជួយដល់ជនរងគ្រោះ ឬអ្នកជំងឺកុំឱ្យធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ និងឱ្យជៀស ផុតពីគ្រោះថ្នាក់ ឬឱ្យស្បើយពីជំងឺទាំងនោះ។ វាជួយឱ្យយើងដឹងថាពេលណាត្រូវធ្វើខ្លួនឯង ហើយ ពេលណាត្រូវហៅជំនួយពេទ្យ។ អ្នក សង្គ្រោះបន្ទាន់ត្រូវដឹងនូវអ្វីដែលត្រូវពិនិត្យរកមើល អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ ហើយធ្វើរបៀបណា ចំណុចទាំង អស់នេះនឹងមានចែងជាបន្តបន្ទាប់ដូចតទៅៈ

..១ សេចក្តីណែនាំទូទៅ

គ្រប់ការគ្រោះថ្នាក់ និងគ្រប់ជំងឺគឺភាគច្រើនខុសប្លែកពីគ្នា ប៉ុន្តែអ្នកជួយសង្គ្រោះ អាចដឹងនូវ សកម្មភាពទាំងឡាយ ដែលចាំបាច់គ្រប់ពេលវេលា។ អ្នកជួយសង្គ្រោះត្រូវទទួល ខុសត្រូវនៅចំពោះ មុខជនរងគ្រោះដូចខាងក្រោមៈ

-រក្សាភាពស្ងៀមស្ងាត់ និងរកមនុស្សផ្សេងទៀតមកជួយយើង ដោយធ្វើតាមបញ្ជាឱ្យបាន ច្បាស់លាស់

-បើចាំបាច់ត្រូវហៅប៉ូលីស និងហៅជំនួយពេទ្យ

-ត្រូវឱ្យអ្នកឈរមើលឈរឱ្យឆ្ងាយ ព្រោះអ្នកត្រូវការកន្លែងដើម្បីជួយសង្គ្រោះ។

..២ ការការពារជនរងគ្រោះ

-អ្នកត្រូវស្គាល់អំពីគ្រោះថ្នាក់ដល់ជនរងគ្រោះ និងខ្លួនអ្នកផ្ទាល់។ តើគ្រោះថ្នាក់នោះជាគ្រោះ ថ្នាក់ដោយចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរ ឬដោយប្រការណាមួយ ? បើអ្នកត្រូវយកជនរងគ្រោះចេញ ពីកន្លែងដែលមានគ្រោះថ្នាក់ ត្រូវរកមនុស្ស ឱ្យជួយឃាត់ចរាចរ ឬរកជំរកដាក់ជនរងគ្រោះ។

-ដាក់ជនរងគ្រោះឱ្យដេក ហើយពិនិត្យមើលគាត់ មិនត្រូវផ្លាស់ប្តូរឥរិយាបថគាត់ដោយគ្មាន ហេតុផលសមរម្យ នោះទេ។

-ធ្វើឱ្យជនរងគ្រោះមានទំនុកចិត្តដោយនិយាយរកគាត់ឱ្យគាត់នៅស្ងៀមស្ងាត់ និងបង្ហាញឱ្យគាត់ ឃើញពីការថែរក្សា របស់អ្នកចំពោះគាត់។

-បើគាត់មិនដឹងខ្លួន ដាក់គាត់ក្នុងឥរិយាបថសុខស្រួលដោយគ្មានគ្រោះថ្នាក់។

-ទុកគាត់នៅកន្លែងដែលកក់ក្តៅ កុំឱ្យគាត់ត្រូវភ្លៀង ត្រូវខ្យល់ ឬត្រូវអាកាសធាតុមិនល្អ។

-បើខំជួយហើយទៅជាធ្វើឱ្យ មានគ្រោះថ្នាក់ថែមទៀតនោះ ត្រូវគិតថាប្រហែលជាមានរបួស ខាងក្នុង។

-សំរេចថាត្រូវផ្លាស់ប្តួរកន្លែងគាត់បែបណា បើសិនអ្នកត្រូវផ្លាស់ប្តូរកន្លែងគាត់នោះ។

-ប្រសិនបើចាំបាច់ត្រូវហៅជំនួយពេទ្យ។

..៣ ការពិនិត្យជនរងគ្រោះ

មុននឹងអ្នកសំរេចចិត្តថាអ្វីដែលត្រូវធ្វើ អ្នកត្រូវការដឹងអ្វីដែលខុសជាមុនសិន។ អ្នកត្រូវពិនិត្យជន រងគ្រោះភ្លាមៗក្នុង វិធីមួយដែលត្រឹមត្រូវ។ រឿងដែលត្រូវពិនិត្យមានដូចខាងក្រោមៈ

-ពិនិត្យមើលថាតើគាត់ដកដង្ហើមឬទេ ? គាត់ដឹងខ្លួនឬទេ ? គាត់ហូរឈាមច្រើនឬទេ ?

-សួរជាសំណួរងាយៗទៅគាត់ច្រើនដងដើម្បីស្ទង់រកចម្លើយ បើគាត់ឆ្លើយខុសយើងសន្និដ្ឋាន បានថាគាត់មិនដឹងខ្លួន ។

-ពិនិត្យរកមើលរបួសរបស់គាត់។

-ត្រូវហៅជំនួយពេទ្យ ព្រោះការសង្គ្រោះបន្ទាន់មិនអាចសង្គោះជំនួសជំនួយពេទ្យបានឡើយ។ ត្រូវហៅជំនួយពេទ្យ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

-បន្ថយការឈឺចាប់ និងធ្វើឱ្យគាត់មានទំនុកចិត្ត។ ជនរងគ្រោះមិនអាច ដឹងគ្រោះថ្នាក់មុននោះ បានឡើយ គាត់មិន អាចត្រួតពិនិត្យអ្វីដែលកើតមានបាន មិនអាចដោះស្រាយគ្រោះថ្នាក់ដែល បណ្តាលមកពីឧបទ្ទហេតុ ឬជំងឺបាន គាត់ ប្រហែលមិនដឹងខ្លួនហើយនៅតែលតោលគ្មានទីពឹងផង ដូច្នេះគាត់ត្រូវការអ្នកជួយគាត់ និងយកចិត្តទុកដាក់ចំពោះគាត់។

..៤ ការសង្គ្រោះជនរងគ្រោះដោយចរន្តអគ្គិសនី

បើមានមនុស្សត្រូវខ្សែភ្លើងឆក់យើងជាអ្នកសង្គ្រោះបន្ទាន់ត្រូវអនុវត្តដូចខាងក្រោមៈ

+ត្រូវយកជនរងគ្រោះចេញពីប្រភពចរន្តអគ្គិសនីដោយៈ

-ផ្តាច់ចរន្ត (បើទីកន្លែងបិទបើកនៅជិត)

-យកដំបងដែលស្ថួត ឆ្កិះខ្សែភ្លើងចេញពីជនរងគ្រោះ

-កាប់ផ្តាច់ខ្សែភ្លើង

-យកក្រម៉ាស្ងួតទាក់ក ទាញជនរងគ្រោះចេញពីប្រភពចរន្ត

-ចាប់ទាញអាវ រឺខោស្ងួតរបស់ជនរងគ្រោះដោយកុំឱ្យប៉ះសាច់ផ្ទាល់ជាមួយជនរងគ្រោះ

+ធ្វើឱ្យជនរងគ្រោះដឹងខ្លួនដោយៈ

-ឈ្លី រឺសង្កត់ទ្រូងខាងឆ្វេងនៃជនរងគ្រោះដើម្បីឱ្យមានចលនាបេះដូងឡើងវិញ

-ធ្វើចលនាដកដង្ហើមសិប្បនិម្មិត

-ផ្លុំខ្យល់បញ្ចូលតាមមាត់ រឺ ច្រមុះរួចសង្កត់ទ្រូងតាមចលនា ២០ដងក្នុង ១នាទី

-បន្ទាប់ពីជនរងគ្រោះដឹងខ្លួនត្រួវបញ្ជូនទៅមន្ទីពេទ្យភ្លាម។


-ការដឹកជញ្ជូនត្រូវដាក់គាត់ក្នុងឥរិយាបថមិនមានគ្រោះថ្នាក់ ហើយត្រូវការពារស្ហុកដោយ ដាក់កន្លែងរបួសឱ្យ ខ្ពស់ជាងក្បាល ឬដាក់ក្បាលឱ្យទាបជាងដងខ្លួននិងអវយវៈ។

0 comments:

Post a Comment